បុរសជនជាតិចិនជាម្ចាស់សត្វតោ សុំចិត្តបងប្អូនខ្មែរដែលចូលមើលផ្ទាល់ ថតបាន! ហាមប៉ះ! ក្រែងមានគ្រោះថ្នាក់មើលមិនឃើញ…

រាជធានីភ្នំពេញ ៖ បុរសជនជាតិចិន ដែលមានឈ្មោះ TOM MU ត្រូវជាម្ចាស់សត្វតោ ឈ្មោល១ក្បាល នៅថ្ងៃទី០៧ កក្កដា ២០២១នេះ បានបង្ហាញនូវក្តីបារម្ភ ចំពោះបងប្អូនប្រជាពលរដ្ឋ

ខ្មែរមួយចំនួន ដែលបានចូលមកមើលសត្វតោឈ្មោះ«ហ៊ីម៉ា» ក្នុងផ្ទះវីឡារបស់លោក ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។

លោក TOM MU ដែលមានគណនីហ្វេសប៊ុកឈ្មោះ «Qi Xiao» ទំនងជាអោយអ្នកបកប្រែ សរសេរអក្សរខ្មែរ យ៉ាងដូច្នេះថា «រយៈពេល២ថ្ងៃនេះ មានបងប្អូនជាច្រើន បានមកលេង ហ៊ីម៉ា (ឈ្មោះសត្វតោ)

ប៉ុន្តែខ្ញុំសង្ឃឹមថា បងប្អូននៅតែបន្តការពារ និងអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានភ្ជាប់ជានិច្ច ជៀសវាងជំងឺនេះ រីករាលដាល់កាន់តែខ្លាំង ធ្វើអោយថ្នាក់ដឹកនាំពិបាក ។

ហើយសង្ឃឹមថា ពេលដែលបងប្អូនមកលេង ហ៊ីម៉ា ត្រឹមមើល និងថតបានហើយ កុំលេងស្និតស្នាលពេក ជៀសវាង ការពារខ្លាចមនុស្សច្រើន ធ្វើអោយសត្វវាភ័យ អាចមានបញ្ហាផ្សេងៗ ដែលយើងមើលមិនឃើញ អាចកើតឡើង» ។

សូមរម្លឹកថា សត្វតោឈ្មោលមួយក្បាល មានទម្ងន់ជាង៧០គីឡូក្រាម ត្រូវបានបុរសជនជាតិចិន ចិញ្ចឹមតាំងពីតូច រហូតដល់មានអាយុប្រមាណ ១ឆ្នាំ៦ខែ ត្រូវបានអាជ្ញាធរចម្រុះ នៃ

ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន ចុះទៅដកហូត កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅ ហើយយកទៅដាក់នៅសួនសត្វភ្នំតាម៉ៅ ។

ក្រោយក្តាប់បានរឿងសត្វតោ នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចឲ្យបុរសជនជាតិចិន អាចយកសត្វតោមកចិញ្ចឹមនៅផ្ទះវិញបាន ។

ជាមួយនឹងការអនុញ្ញាត ជាករណីពិសេសនេះ សម្តេចតេជោ បានណែនាំឲ្យម្ចាស់ធ្វើទ្រុង ឲ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង ៕

Leave a Reply

Your email address will not be published. Required fields are marked *